ភ្នំពេញ ៖ លោក យឹម សុវណ្ណ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ហើយជាមនុស្សជំនិតជាមួយទណ្ឌិត សម រង្ស៊ី និងជាមន្ត្រីមួយរូប ដែលត្រូវបានហាមប្រាមសកម្មភាពនយោបាយផងដែរនោះ បន្ទាប់ពីបាត់ឈ្មោះ បាត់សម្លេង នៅក្នុងសកម្មភាពនយោបាយ រយៈពេលចុងក្រោយនេះ បានបញ្ចេញសម្លេងជាថ្មី ជាមួយនឹងការប្រកាសមិនគាំទ្រគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីសងសឹកគំនុំឈាមគ្រួសារណាមួយ ដែលប្រកាសដោយក្រុមទណ្ឌិត សម រង្ស៊ី ពីក្រៅប្រទេស និងបានអះអាងថា សកម្មភាពនោះ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់សកម្មជន ប្រជាពលរដ្ឋ ក៏ដូចជាប្រជាជាតិខ្មែរ។
លោក យឹម សុវណ្ណ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយអមជាមួយសេចក្តីថ្លែងការណ៍ចំនួន២ទំព័រលើកឡើងយ៉ាងនេះថា “រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិបានទទួលស្គាល់ថា មានតែគណៈកម្មការចំពោះកិច្ចតែមួយគត់ ដែលធ្វើសកម្មភាពស្របច្បាប់ ក្នុងនាមគណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិមិនអាចក្រុមណាមួយយកទៅធ្វើអាជីវកម្មផ្តាច់មុខឡើយ។ គណបក្សសង្គ្រោះជាតិ មិនគាំទ្រការប្រើអំពើហិង្សា ដើម្បីផ្តួលរំលំរបបដឹកនាំ ឬធ្វើការសងសឹកគំនុំឈាមគ្រួសារ ដែលនាំឲ្យគ្រោះថ្នាក់ដល់សកម្មជន គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងដល់ប្រជាជាតិខ្មែរឡើយ”។
ដោយឡែកនៅសេចក្តីថ្លែងការណ៍ចំនួន២ទំព័រ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានលើកឡើងថា “គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន កឹម សុខា សូមគូសបញ្ជាក់សាជាថ្មីគោលជំហរដ៏ច្បាស់លាស់របស់ខ្លួន គឺជាក្រុមអហិង្សានិយម និងបន្តលើកកម្ពស់ធម៌អហិង្សា និងលើកតម្កើងលទ្ធិពេញលេញប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងមិនយកខ្មែរណាមួយជាសត្រូវឡើយ ហើយខិតខំបន្តអនុវត្តគោលការណ៍នេះឲ្យបានពេញលេញ។ រហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិនៅតែរក្សានូវគោលការណ៍អហិង្សា ហើយសូមបញ្ជាក់ថា គ្មានការជជែកគ្នា និងគ្មានការឯកភាពណាមួយឲ្យប្រើប្រាស់វប្បធម៌ហិង្សា និងការប៉ុនប៉ងឈានទៅការគ្រប់គ្រងអំណាចតាមបែបបដិវត្តន៍ហិង្សា និងមិនតាមមធ្យោបាយប្រជាធិបតេយ្យ ដូចដែលក្រុមអ្នកនយោបាយក្រៅបក្សមួយចំនួនបាននឹងកំពុងញុះញង់បង្កឡើយ”។
No comments:
Post a Comment